១- កោសដូងទុំចំនួន 5Kg (សាច់ដូងដែលកោសរួច) ថ្លឹងឲ្យគ្រប់ចំនួន
២- ច្របាច់យកខ្ទិះពីសាច់ដូងដែលកោសរួចនេះ ។ នេះគឺជាក្បាលខ្ទិះពេលធ្វើរួច សូមទុកវាមួយអន្លើ ។
៣- កាកដូងដែលសល់ពីការច្របាច់យកក្បាលខ្ទិះត្រូវថ្លឹងជាថ្មី ។ យកចំនួនទឹក ១លីត្រ ស្មើកាកដូងនេះ 1Kg មកលាយចូលគ្នា ។ ច្របល់សាច់កាកដូងនេះជាមួយទឹកឲ្យសព្វរួចពូតយកខ្ទិះដូងឲ្យអស់, យកទឹកខ្ទិះដែលពូតបានជាលើកទី២ នេះទុកមួយកន្លែង, កាកដូងនៅសល់សូមច្របាច់យកខ្ទិះជាលើកទី៣ ដោយលើកនេះលាយទឹកត្រឹម ១ភាគ៤ នៃចំនួនកាកដូង 1Kg (ទឹក ១លីត្រ កាកដូង 3Kg) ។
៤- ដាក់ខ្ទិះពូតបានលើកទី១ ទី២ និងទី៣ ចូលគ្នាច្របល់ឲ្យសព្វរួចវាល់ចំនួនទឹកខ្ទិះនេះឲ្យដឹងចំណុះពិតប្រាកដ ។
៥- រៀបចំធ្វើទឹកល្បាយអំបិលសម្រាប់ចម្រាញ់យកប្រេងចេញពីទឹកខ្ទិះដូង ។
៦- យកអំបិលចំនួន ៣៧ក្រាម លាយជាមួយទឹកចំនួន ១០០មីល្លីលីត្រ ឬប្រហែលជាអំបិល ១ពែង ទឹកកន្លះលីត្រ ។
៧- របៀបនៃការលាយទឹកល្បាយអំបិលនេះគឺទឹកល្បាយអំបិលចំនួន 10% ទឹកខ្ទិះដូងចំនួន 90% (ស្មើ ១០០) ។
៨- កូរល្បាយនេះឲ្យសព្វល្អចំនួន ១៥នាទី ដើម្បីឲ្យល្បាយអំបិលរលាយចូលក្នុងខ្ទិះដូងបានសព្វល្អ ។ ចាក់ទឹកល្បាយទាំងអស់ ដែលបានលាយរួចនេះចូលទៅក្នុងកែវធំមួយ (កែវ ១០លីត្រ) ថ្លា, ជ័រ ឬកែវកញ្ចក់ក៏បាន តែត្រូវមានក្បាលរ៉ូប៊ីណេសម្រាប់មួលបើកទឹកចេញទៅផ្នែកខាងក្រោមបាន ។ បើយកល្អសូមទិញប៊ីដុងទឹកដែលមានក្បាលសម្រាប់បើកបិទទឹកស្រាប់ៗមកប្រើវិញ ។
៩- ចាក់ទឹកខ្ទិះចូលក្នុងធុងនេះគឺ ដើម្បីឲ្យវាធ្វើប្រតិកម្មបំបែកយកប្រេងពីខ្ទិះដូង ។ យើងត្រូវការពេលត្រឹមតែ ៣០នាទី តែប៉ុណ្ណោះ ដើម្បីវាញែកក្រែមដូងមកខាងលើប្រេងឆៅស្រទាប់ទីពីរ និងទឹកនៅស្រទាប់ទីបីបាតក្រោមគេ ។ ក្នុងករណីខ្លះយើងបានទទួលត្រឹមតែក្រែមប៉ុណ្ណោះ ។
១០- ជួយយកក្រែមនៅផ្នែកខាងលើមកលាងជាមួយទឹកអំបិលក្នុងចំនួនដូចមុន រួចយកក្រែមនោះដាក់ក្នុងឆ្នាំងមួយល្មមអាចដាក់ក្រែមបានទាំងអស់, យកឆ្នាំងមួយទៀតដែលធំជាងមកដាក់ទឹកដាំលើភ្លើងសូមដាក់ទឹកត្រឹមតែ ១ភាគបី នៃចំណុះឆ្នាំងបានហើយ, បន្ទាប់មកយកឆ្នាំងដែលដាក់ក្រែមមកដាក់នៅក្នុងឆ្នាំងធំនេះ មិនត្រូវឲ្យទឹកក្នុងឆ្នាំងធំនោះចូលក្នុងឆ្នាំក្រែមឡើយ ។
១១- ក្រែមដែលនៅក្នុងឆ្នាំងតូច និងរលាយជាប្រេង, ត្រូវទុកវានៅក្នុងឆ្នាំងធំនេះចំនួនយ៉ាងហោចណាស់ឲ្យបាន ១៥ ទៅ ២៥នាទី ដើម្បីឲ្យជាតិទឹកមាននៅក្នុងក្រែមនោះហួតអស់ ។
១២- ដួសវាច្រកដាក់ដបយកក្រដាស់ជូតមាត់ញ៉ុកមាត់ដបដាក់ទុកក្នុងទីមួយមានកំដៅល្មម ។
សូមបញ្ជាក់ថា ប្រេងដូងនេះមិនមានក្លិនប្រេងដូងដូចជាការរំងាស់តាមដែលយើងធ្លាប់ធ្វើនោះឡើយ ។ យើងអាចយកវាមកប្រើការជាប្រេងលាបសក់, ជាប្រេងឆា រួមទាំងការប្រើប្រាស់ផ្សេងៗទៀតតាមសេចក្តីត្រូវការ ។
ប្រេងឆាផលិតពីប្រេងដូងនេះល្អជាងប្រេងឆាដាក់ធុងធំៗលក់តាមទីផ្សារបច្ចុប្បន្ន ពីព្រោះវាមានផ្ទុកដោយសារធាតុមានប្រយោជន៍ជាច្រើនសម្រាប់រាងកាយមនុស្សយើង ។មួយវិញទៀតនោះ យើងអាចកាត់បន្ថយការចំណាយបានមួយផ្នែគកទៅលើប្រេងឆាដែរ ៕
Comments
Post a Comment